ខេត្តព្រះវិហារ ៖ ទីតាំងសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែង ត្រូវបានគេស្គាល់ម្ចាស់ថាជាឈ្មួញឈើដុះស្លែឈ្មោះកែវ កន្និថា (ហៅយាយប៉ិច) មានទីតាំងស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយទីតាំងសិប្បកម្មកែច្នៃឈើគ្មានច្បាប់របស់ឈ្មួញឈើខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប នៅវេលាម៉ោង ៣និង៤៥នាទី ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៩ កាលពីម្សិលមិញ ក៏ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នៅខណះពេលដែលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបទៅលើទីតាំងសិប្បកម្មគ្មានច្បាប់នោះ ម្ចាស់សិប្បកម្មឈ្មោះ កែវ កន្និថា បែរជាហ៊ានចេញមុខមក រារាំងក្រុមសមត្ថកិច្ច ដែលចុះអនុវត្តន៏ច្បាប់លើទីតាំងរបស់ខ្លួនទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីដែលជាឈ្មួញឈើខាងលើ បានអះអាងខ្លួនថាជាម្ចាស់សិប្បកម្មនោះ បាននិយាយលើកហេតុផលពន្យល់សមត្ថកិច្ច ឲ្យហៅព្រះរាជអាជ្ញាទើបស្រី្ដជាម្ចាស់សិប្បកម្មព្រមធ្វើការប្រគល់វត្ថុតាង បទល្មើសទាំងអស់នោះទៅឲ្យសមត្ថកិច្ច ។
ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ បានលើកជាសំណួរសួរថា ចាំមើលលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចលោក សុខ ចន្ច័សុជាតិ ប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដែលទើបឡើងកាន់តំណែងថ្មី លោកមានចំណាត់កាទៅលើម្ចាស់សិប្បកម្ម ដែលជាឧក្រិដ្ឋកម្មព្រៃឈើ ខាងលើនោះដែរឬយ៉ាងណា ? បើបទល្មើសកើតឡើងពេញបន្ទុកដូច្នេះនោះ ទាក់ទិននឹងករណីបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់ អ្នកសាព័ត៌មានយើងមិនទាន់សុំធ្វើការបំភ្លឺពីមន្ត្រីជំនាញណាមួយបាននៅឡើយនោះទេ ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមិនទាន់អស់សង្ឃឹមលើចំណាត់របស់ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានអនុគណកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ក៏ដូចលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងនាមលោកជាអនុប្រធានអនុក្រុមបង្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត លោកពិតជាមានចំណាត់កាទៅលើម្ចាស់សិប្បកម្មដែលមានឈ្មោះកែវ កន្និថា ខាងលើនេះដោយមិនទុកឲ្យបុគ្គលមួយក្តាប់តូចនេះ ធ្វើព្យុះធ្វើភ្លៀងបន្តកាប់បំផ្លាញធនធានធម្មជាតិបានតទៅទៀតនោះទេ ៕