ខេត្តកំពង់ធំ ៖ គោយន្តកន្ត្រៃដឹកជញ្ជូនឈើល្មើសច្បាប់ និងឈើពីរប្រភេទប្រមាណ ៥ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាប និងរឹបអូស ពីមន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើល្មើសច្បាប់នេះ បានធ្វើឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៤ធ្នូឆ្នាំ២០១៩ នៅចំណុចត្រពាំងបឹងឡង់ ស្ថិតក្នុងភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។
ប្រតិបត្តិការនេះទៀត បានធ្វើឡើងក្រោមកិច្ចសហការណ៍ រវាងកម្លាំងឧទ្យានុរក្ស ប្រចាំស្នាក់ការបរិស្ថានចំនួន៣ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺ ស្នាក់ការបរិស្ថានអូងាវ ស្នាក់ការបរិស្ថានព្រះអាទិត្យ និងស្នាក់ការបរិស្ថានអូរក្រពើ នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សេចក្តីរាយការណ៍ ពីស្រុកសណ្តាន់ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាគ្រានោះ បានធ្វើការឃាត់គោយន្តកន្ត្រៃ ៣គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពេញប្រៀប ចេញពីដែនព្រៃ និងរឹបអូសបានឈើអារ ប្រមាណជា ៥ម៉ែត្រគូបត្រីគុណ។ ប៉ុន្តែ មិនបានឃាត់ខ្លួនជនសង្ស័យ ម្ចាស់គោយន្តដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនោះទេ ដោយសារជនសង្ស័យ បានបើកគោយន្តមកទុកចោល ហើយរត់គេចខ្លួនបាត់។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាប និងរឹបអូសវត្ថុតាងបទល្មើសរួច មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថានទាំង៣ បាននាំយកគោយន្តកន្ត្រៃទាំង៣គ្រឿង រួមទាំងឈើអារ និងឈើម៉ៃតាប់ ប្រមាណជា៥ម៉ែត្រគូបត្រីគុណ ទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរងាវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕