ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធការកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកាស៊ីណូជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចខាងលើ ក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរឲ្យសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី០១ដើម ព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ។
ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ HE XIAOPING អាយុ៤៣ឆ្នាំ លិខិតឆ្លងដែនលេខ EH0851963 មានស្រុកកំណើត ក្រុង ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី២.ឈ្មោះ SUN PENG អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុសលេខចោល), បង់កាំភ្លើង០១, គ្រាប់កាំភ្លើង០៥គ្រាប់, កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ), មួកចំនួន០២, ម៉ាស់០៤ និងលិខិតឆ្លងដែន០២ក្បាល ។
ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តចាត់ការតាមនីតិវិធី ៕