នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ងភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥៥គ្រួសារ នៅបរិវេណវត្តក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ។
ពិធីចែកអំណោយនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក–លោកស្រី ជាសមាជិក–សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមស្រុក និងលោក–លោកស្រីប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូ យកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។
ឯកឧត្តមបណ្ឌិត មានប្រសាសន៏លើកឡើងថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះ ដែលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១ កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល ផងដែរ ព្រមទាំងចែកនំចំណីដល់កុមារាកុមារី ដោយក្តីអាណិតស្រលាញ់ផងដែរ ៕