ភ្នំពេញ ៖ ដោយមានបទបញ្ជាផ្ទាល់ពីសំណាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក លោក ទៀវ សំអឿន អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងល្បែងអនឡាញដ៏ធំដុះស្លែមួយកន្លែងស្ថិតនៅផ្ទះលេខ៤០ ផ្លូវលេខ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលខណ្ឌទួលគោក លោក ទៀវ សំអឿន អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញនេះតែម្ដង ។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចមិនអាចបង្ក្រាបអ្នកលេងល្បែងអនឡាញបានទេ ដោយហេតុថា អ្នកលេងអនឡាញទាំងនោះ បានគេចខ្លួនមុនពេលដែរសមត្ថកិច្ចបានចុះទៅដល់ ។
ក្រោយការបង្ក្រាបទីតាំងអនឡាញខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខណ្ឌ ដោយស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលមានការអនុវត្តន៍ទៅតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងអនឡាញដុះស្លែ ដែលមិនមានការខ្លាចញញើតនឹងផ្លូវច្បាប់ និងមិនគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលព្យាយាមលុបបំបាត់ល្បែងស៊ីសងអនឡាញនៅក្នុងប្រទេសកម្ពុជា ។
ចំពោះវត្ថុតាងជាក់ស្ដែង សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រី២នាក់ និងកុំព្យូទ័រជាច្រើនគ្រឿង បញ្ជូនទៅកាន់សាលាខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕