ខេត្តស្វាយរៀង ៖ នៅវេលាម៉ោងប្រហែល៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលម្ចាស់ផ្ទះទើបដឹងខ្លួនពីដំដេក ថាមានករណីចោរលួចម៉ូតូ ដោយបំពុលឆ្កែរួចចូលយកម៉ូតូបាត់អស់០២គ្រឿង ។
បើយោងតាមសមត្ថកិច្ចឲ្យដឹងថា មានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន ០២គ្រឿង ទី១ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ១CZ-៧២៧៣ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១N-១៩៤១(ម៉ូតូបង់រំលោះ) ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោ ម្ចាស់ម៉ូតូឈ្មោះមុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុសមុខរបរកសិករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តថា មុននឹងក្រុមចោរចូលកាត់សោបន្ទប់លួចយកម៉ូតូនោះ ក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែចំនួ ន ០៤ក្បាល បណ្តាលឲ្យសត្វឆ្កែងាប់អស់០២ក្បាល និងកំពុងពុលងីងើ ជិតងាប់២ក្បាលទៀត ។
ចំពោះថ្នាំពុលដែលក្រុមចោរប្រើប្រាស់ មានពណ៌ខៀវ ។ បើតាមជនរងគ្រោះឈ្មោះមុំ សារិន បានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ ១គ្រឿងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដង លុះព្រឹកម៉ោង៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គាត់ជាជនរងគ្រោះបានក្រោកឡើងចុះមកបត់ជើង ស្រាប់តែឃើញសត្វឆ្កែ០២ក្បាលពុលបែកពពុះមាត់ងាប់បាត់ទៅហើយ និងឆ្កែ០២ក្បាលទៀតកំពុងពុលងីងើរជិតងាប់ទៀត ។ បន្ទាប់មកបានដើរទៅមើលបន្ទប់ដាក់ម៉ូតូ ឃើញស្នាមកាត់សោ ពេលចូលមើលម៉ូតូ គឺបាត់ទាំង០២គ្រឿង ហើយម៉ូតូរបស់១គ្រឿងគឺទិញបង់រំលោះ មិនទាន់បង់គ្រប់នៅឡើយ ចោរលួចទៅបាត់ ។
ក្រុមចោរបានស្ងប់ស្ងាត់បានប្រមាណ១ខែ ខណៈសមត្ថកិច្ចបង្ក្រាបចាប់បាន០៣នាក់ ដែលជាក្រុមចោរមកពីខេត្តព្រៃវែង ខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ ឥឡូវមានក្រុមចោរផ្សេងទៀតមកធ្វើសកម្មភាពបំពុលឆ្កែកាត់សោរ លួចយកម៉ូតូទៅបាត់មិនដឹងជាលួចយកនៅម៉ោងប៉ុន្មាននោះទេ ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារភូមិ និងប្រុងប្រយ័ត្នទាំងអស់គ្នា ៕