ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន សហគមន៍នេសាទសាមគ្គីឃុំមៀន និងសហគមន៍នេសាទវិហារធំ បានចុះបង្រ្កាបបទល្មើសជលផលបានចំនួន ០៣ករណី ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និងប្រលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើការ ករណីទី០១ រឹបអូសបានលូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ២២៥ដើម ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចជ្រោយអណ្តូង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ករណីទី០២ រឹបអូសបាន លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដើម ព្រមទាំងចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
និងករណីទី០៣ រឹបអូសបានលូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ និង បង្គោលចម្រឹងឬស្សីចំនួន ១២៥ដើម ព្រមទាំង ចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចខ្ទមលោកយាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកនាយខណ្ឌបានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍ល្មើសច្បាប់ខាងលើត្រូវបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ ៕