ខេត្តកែប ៖ បន្ទាប់ពីចំណាយពេលវេលាអស់ពេញមួយយប់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែបជាថ្មីម្តងទៀត ដើម្បីបន្តដឹកនាំបញ្ជារុករកជនរងគ្រោះ ដែលបាត់ខ្លួនកប់នៅក្នុងគំនរអគារនេះសម្រាប់ថ្ងៃទី២ ។
គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះចំនួន ២៥នាក់ មានជនរងគ្រោះ ៧នាក់បានស្លាប់ រងរបួស ១៨នាក់ ដែលកប់នៅក្នុងគំនរអគារកម្ពស់ ៦ជាន់ រលំបាក់នៅខេត្តកែប ។
ពាក់ព័ន្ធករណីនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការ ធ្វើកោសល្យវិច្ច័យអគារ គណៈកម្មការធ្វើកោសល្យវិច្ច័យអគាររលំនៅខេត្តកែប ដែលមានលោក ទេព ធន រដ្ឋលេខាធិការ ជាប្រធាន និង លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹងសមាជិកចំនួនទៀត ទៅលើអគាររបស់ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
គណៈកម្មការធ្វើកោសល្យវិច្ច័យអគារនេះ ធ្វើកោសល្យវិច្ច័យ ទៅលើអគាររបស់ឈ្មោះ ឯក សារុន និង ប្រពន្ធ ឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ ការបង្កើតគណៈកម្មាធិការកោសល្យវិច្ច័យ គឺដើម្បីត្រួតពិនិត្យ គុណសម្បត្តិរបស់អ្នកសាងសង់ ធ្វើរបាយការណ៍លទ្ធផល ជូនក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។