ខេត្តព្រះសីហនុ ៖ គ្រឿងចក្រឈូសឆាយ និងរថយន្តដឹកដីមិនតិចជាង១០គ្រឿងនោះទេ ត្រូវបានគេមើលឃើញថា កំពុងតែធ្វើសកម្មភាពជីកកកាយដីភ្នំមួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់លុបព្រៃលិចទឹកក្នុងតំបន់អូរត្រជាក់ចិត្ត (ជាប់នឹងវិថីទេព្យវង្ស) ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុយ៉ាងរលូន ។
រយៈពេលជាច្រើនថ្ងៃមកហើយ គេមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជា មន្រ្តីរដ្ឋបាលស្រុកស្ទឹងហាវណាម្នាក់ចុះមកពិនិត្យជាក់ស្តែងដើម្បីមានវិធានការ តាមផ្លូវច្បាប់អ្វីនោះឡើយ បើទោះជាមានសេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថាសកម្មភាពនេះមិនមានច្បាប់អនុញាត្តិក៏ដោយ ។ នេះគឺជាអំពើឃុបឃិតគ្នាដ៏ធំមួយរវាងមន្រ្តីអនុវត្តន៍ច្បាប់និងក្រុមឈ្មួញជីកកាយបំផ្លាញដីភ្នំយកអាចម៍ដីចាក់លុបព្រៃលិចទឹកយ៉ាងពិតប្រាកដ ។
ពាក់ព័ន្ធទៅនឹងបញ្ហារខាងលើនេះ បើតាមមន្រ្តីក្រុមប្រឹក្សាឃុំទំនប់រលក បានលួចបង្ហើបប្រាប់ឲ្យដឹងថា ការឈូសឆាយ ដីភ្នំ នាំយកអាចម៍ដីចាក់លុបព្រៃលិចទឹកនេះ មិនមានច្បាប់អនុញាត្តិទេ គឺគេធ្វើសកម្មភាពក្តៅៗតែម្តង ដោយសារតែម្ចាស់ដីខាងលើនេះមានទំនាក់ទំល្អជាមួយលោក ឆាយ សុគុន្ធដា អភិបាលស្រុកស្ទឹងហាវ និងលោកប្រធានភូមិបាលស្រុកស្ទឹងហាវផងដែរ ដូចនេះមិនចាំបាច់សុំច្បាប់ធ្វើអ្វីនាំឲ្យពាក់ព័ន្ធវែងឆ្ងាយ និងផ្លូវច្បាប់ ពីព្រោះវាជាដីព្រៃលិចទឹក ។
ដោយឡែកសម្រាប់បុរសម្នាក់មិនស្គាល់ឈ្មោះ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ទីតាំងដីកំពុងចាក់ដីនេះ ជាដីរបស់ខ្លូនទំហំប្រមាណ១៥ ហិចតា មិនទាន់មានប្លង់កម្មសិទ្ធិទេ តែបានបំពេញទិន្នន័យរួចហើយ រងចាំតែ ទទួលយកបណ្ណ័កម្មសិទ្ធិតែប៉ុណ្ណោះ ហើយការចាក់ដីនេះ ក៏លោកមានច្បាប់អនុញត្តិត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ ពីលោកអភិបាលស្រុកស្ទឹងហាវ គ្រាន់តែមិនទាន់ទៅយកច្បាប់នោះនៅសាលាស្រុកប៉ុណ្ណោះ ។ អ្វីដែលជាការអះអាងរបស់បុរសជាម្ចាស់ដីខាងលើ ស្តាប់ទៅគួរឲ្យចាប់អារម្មណ៍បំផុត ពីព្រោះថា ជាធម្មតាដីដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ មាននរឿងអ្វីមានច្បាប់អនុញាត្តិ ដោយមិនដឹងថាច្បាប់នោះបានតាមវិធីណានោះទេ ។
ដោយឡែកសម្រាប់លោក ឆាយ សុគុន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០នេះ បានឲ្យដឹងថា ករណីចាក់ដីលុបព្រៃលិចទឹកខាងលើនេះ លោកមិនទាន់បានដឹងទេ ដូច្នេះរង់ចាំថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ លោកនឹងឲ្យមន្រ្តីពាក់ព័ន្ធ ចុះទៅពិនិត្យមើល ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោកឆាយ សុគុន្ធដា អភិបាលស្រុកស្ទឹងហាវបានឲ្យដឹងថា បើតាមលោកដឹង គឺមិនទាន់មានច្បាប់អនុញ្ញាតនោះទេ ប៉ុន្តែលោកនឹងឱ្យមន្ត្រីចុះទៅត្រួតពិនិត្យ ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក៏មានទីតាំងមួយកន្លែង ក៏មានការចាក់ដីព្រៃលិចទឹកម្តងរួចមកហើយដែរ ដែលមានប្រហែលចំងាយ៥០ ម៉ែត្រពីទីតាំងចាក់ដីខាងលើ ហើយខាងសមត្ថកិច្ចក៏បានចុះទៅហាមឃាត់និងធ្វើការកាយដីនោះឡើងវិញ ៕