ខេត្តតាកែវ ៖ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០នេះ មន្រ្តីគយសហការជាមួយមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ អមដោយរថយន្តពិសោធចល័តបានត្រួតពិនឹត្យរកសារធាតុគីមី ដោយបានរកឃើញថា បន្លែ៤ប្រភេទរួមមានម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន មានកាកសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើបន្លែ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាកសំណល់សម្លាប់សត្វល្អិតដែលមន្រ្តីគយសហការជាមួយមន្រ្តីរបស់លោក បានរកឃើញក្នុងបន្លែទាំង៤ប្រភេទនោះក្នុងចំណោមបន្លែ២៣មុខដែលបានយកមកធ្វើពិសោធន៍ចំនួន៣ដងពីក្នុងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែងទាំង៤ប្រភេទនេះមិនមានសុវត្ថិភាពនោះទេ ដូច្នោះនិងមិនអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារកម្ពុជា ជាបណ្តោះអាសន្ន។
លោក កែវ វ៉ាន្នី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានថ្លែងឲ្យដឹងថា បន្លែទាំង៤ប្រភេទដែលខាងមន្រ្តីកាំកុងត្រូលរកឃើញមានកាកសំណល់ថ្នាំកសិកម្មនោះ និងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ហើយយើងនិងមិនអនុញ្ញាតិឲ្យបន្លែ៤ប្រភេទនេះនាំចូលមកកម្ពុជាបន្តទៀតនោះទេ រហូតទាល់តែមានលិខឹតបញ្ជាក់ពីមន្រ្តីកសិកម្មវៀតណាមថាបន្លែទាំងអស់នេះមិនមានកាកសំណល់ថ្នាំកសិកម្មរួមទាំងការយកមកធ្វើពិសោធន៍ម្ដងទៀតពីមន្រ្តីជំនាញកាំកុងត្រូលរបស់កម្ពុជាយើង ដោយបញ្ជាក់ថាមិនមានថ្នាំសំណល់កសិកម្មនៅលើបន្លែទាំងអស់នេះ ទើបយើងនឹងអនុញ្ញាតិឲ្យមានការនាំចូលវិញ។
លោកប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានមានប្រសាសន៍បន្តថា បន្ទាប់ពីយើងបញ្ជូនបន្លែទាំង៤ប្រភេទឲ្យត្រលប់ទៅប្រទេសវៀតណាមវិញ មន្រ្តីគយច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិនក៍បានឲ្យបងប្អូនអាជីវករខ្មែរយើងធ្វើកិច្ចសន្យាបញ្ឈប់ការនាំបន្លែងដែលមានសារធាតុគីមីចូលមកទីផ្សារកម្ពុជា ហើយយើងក៍បានបង្កើនការត្រួតពិនិត្យគុណភាពជាប្រចាំនៅតាមច្រកព្រំដែន ជាពិសេសត្រូវសហការជាមួយមន្រ្តីជំនាញកាំកុងត្រូលធ្វើការពិសោធន៍រកសារធាតុគីមីលើបន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលទិញបន្លែផ្លែឈើទាំងអស់នេះទៅបរិភោគ។
គួបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ៕