ខេត្តឧត្ដរមានជ័យ ៖ ប្រភពពីមន្ត្រីនៅ ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗ មួយចំនួនបានបន្តនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុកដោយសារមានការឃុប ឃិតបើកដៃពីសំណាក់លោក គួន សុភាព ប្រធានការិយាល័យគ យច្រកទ្វារអន្តរជាតិអូរស្មាច់។
តាមប្រភព ដែលស្និទ្ធនឹងលោក គួន សុភាព មេគយច្រកអូរស្មាច់ បានឲ្យដឹងថា ការដែលលោក គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ទេនោះគឺលោក គួន សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ ជាពិសេសពាក់ព័ន្ធនឹងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។
បើតាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលប្រកាសចូលកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ រួចមកគឺលោក ឈុន សុភមង្គល កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។
ទាក់ទិនបញ្ហានោះ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យ នោះទេ។
ទន្ទឹមនឹងនេះលោក គុណ ញឹម ដែលជាមេគយធំ ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ចំណែកឯមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថាបច្ចុប្បន្នមេគយច្រកទ្វារអន្តរជាតិជាំ នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងសុខស្រួល។
ដោយឡែកបើតាមមន្ត្រីនៅច្រកជប់គគីរ ស្រុកបន្ទាយអម្ពឹល ក៏បានបង្ហើបឲ្យដឹងដែរថាមេគយប្រចាំច្រកនេះឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធយ៉ាងរលូនដោយគ្មានញញើតអ្វីឡើយ។
បញ្ហានេះកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើលោក ឈុន សុភមង្គល និងបក្ខពួកដែលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពខ្លះបានឲ្យដឹងថាលោក ឈុន សុភមង្គល ហ៊ានចំណាយដើមទុនយ៉ាងច្រើនដើម្បីទទួលបានតំណែងជាមេគយខេត្តឧត្ដរមានជ័យ ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើមពីការចំណាយទិញបានកៅអីជាមេសាខាគយបានខេត្តឧត្តរមានជ័យនោះ ៕