រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A) ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ឆ្នាំនេះគឺជាឆ្នាំទី៦ហេីយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់ ។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ។