ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័កព ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សូមជម្រាបជូនផងដែរថាៈ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យនោះ បានណែនាំឱ្យមន្ទីរចុះពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញ។
បើតាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ១ ៣៨៣ ហិចតា និងផ្ទៃដីខូចខាតចំនួន ៩២៨ហិចតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។ លោកបានបន្ថែមទៀតថាៈ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើសុំពូជស្រូវយកមកចែកចាយជូនគាត់៕