លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានឱ្យដឹងថា លំហូរទឹកនៅស្ថានីយ៍វារីអគ្គិសនីជីងហុងក្នុងខេត្តយូណានរបស់ប្រទេសចិន កំពុងធ្លាក់ចុះដោយសារតែការថែរក្សាបណ្តាញអគ្គិសនីក្នុងអំឡុងថ្ងៃទី៥ ដល់២៤ ខែ មករាឆ្នាំ ២០២១ ដែលនាំឱ្យមានការផ្លាស់ប្តូរកម្រិតទឹកទន្លេតាមដងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ និងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា ការថែរក្សាទឹកដើម្បីបញ្ជូនបណ្តាញអគ្គិសនីនៅភាគខាងលើនៃប្រទេសចិន នឹងបណ្តាលឱ្យមានការកាត់បន្ថយលំហូរទឹកក្នុងអត្រា ១ពាន់ម៉ែត្រគូប ក្នុងមួយវិនាទី ចាប់ពីថ្ងៃទី៥ ដល់ ២៤ ខែ មករា និងអាចវិលទៅរកធម្ម តាវិញនៅថ្ងៃទី២៥ ខែមករា។
ទោះយ៉ាងណា ក្រសួងធន ធានទឹករបស់ប្រទេសចិនមិន បានបញ្ជាក់ពីកម្រិតទឹកទន្លេមុនការកាត់បន្ថយ ឬបរិមាណដែលត្រូវស្តារឡើងវិញនៅថ្ងៃទី ២៥ ខែមករានោះទេ។
ផ្អែកលើទិន្នន័យកម្ពស់ទឹករបស់គណៈកម្មការទន្លេមេគង្គ សង្កេតឃើញនៅជីងហុង បានបង្ហាញថា កម្រិតលំហូរចាប់ផ្តើមថយចុះពីជាង ១៤០០ម៉ែត្រគូប ក្នុងមួយវិនាទី តាំងពីថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២០ ដល់ ៧៦៨ម៉ែត្រគូប ក្នុងមួយវិនាទី នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ដែលតំណាងឱ្យការធ្លាក់ចុះជិត៥០ ភាគរយ។
លោកបណ្ឌិត ឡាំ ហុងសុន ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួតក្នុងតំបន់នៃគណៈកម្មកា រទន្លេមេគង្គ មានប្រសាសន៍ថា កម្រិតទឹកនៅតាមដងទន្លេមេគង្គទំនងជានឹងធ្លាក់ចុះប្រហែល១,២០ ម៉ែត្រ ស្របពេលនៅឈៀងសាំង ដែលជាស្ថានីយ៍ត្រួតពិនិត្យដំបូងនៅលើដងទន្លេមេគង្គក្នុងប្រទេសថៃ មានចំងាយប្រហែល ៣០០គីឡូម៉ែត្រពីជីងហុង ទឹកបានស្រកប្រហែល២ម៉ែត្ររួចទៅហើយក្នុងអំឡុងថ្ងៃទី ២-៤ ខែមករា។ លាតសន្ធឹងពីទីក្រុងវៀងច័ន្ទដល់ប៉ាកសា ន់នៃប្រទេសឡាវ រួមទាំងណុងខៃ នៃប្រទេសថៃ កម្រិតទឹក នឹងធ្លាក់ចុះ០,២២ -០,៣៥ ម៉ែត្រ ក្នុងចន្លោះថ្ងៃទី៧-១១ ខែមករា ខណៈនៅប្រទេសកម្ពុជា កម្រិតទឹកនៅតាមដង ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញកោះខែល និងអ្នកលឿង មិនទាន់ឃើញមានការថយចុះនៅឡើយ។
លោកបណ្ឌិត ឡាំ ហុងសុន បន្តថា សកម្មភាពនាវា ចរណ៍នៅតាមដងទន្លេមេគង្គ ជាពិសេសតំបន់ជុំវិញតំបន់ជីងហុង អាចនឹងរងផលប៉ះ ពាល់ច្រើនជាងកន្លែងដទៃ ទៀតក្នុងអំឡុងពេលនេះ។ ចំណែកសកម្មភាពចិញ្ចឹមជីវិតក្នុងមូលដ្ឋានមួយចំនួនដូចជាការប្រមូលផលតាមដងទន្លេ និងការនេសាទជាដើម ក៏អាចរងផលប៉ះពាល់ផងដែរ៕
0
កម្រិតទឹកទន្លេមេគង្គធ្លាក់ចុះទាប បន្ទាប់ពីចិនស្តុកទឹកសម្រាប់ថាមពលអគ្គិសនី
Filed in: ព័ត៌មានជាតិ