ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឆ្នេរសមុទ្រដែលមានបណ្ដោយប្រវែងប្រមាណ២០០០ម៉ែត្រ និងមានទំហំសរុបប្រមាណជាង១០ហិកតាត្រង់ចំណុចពយជិនទុង ត្រូវបានលោក ហួរ ហាប់ ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។ ប្រជាពលរដ្ឋបានរាយការណ៍ថា មេឃុំជ្រោយស្វាយ ក៏ដូចជាអភិបាលស្រុកស្រែអំបិល បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោកផ្កាយ៣ ហួរ ហាប់ ចាក់ដីលុបឆ្នេរសមុទ្រយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន ហើយដាក់កម្លាំងការពារយ៉ាងរឹងមាំ។ បើតាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មេឃុំជ្រោយស្វាយ និងអភិបាលស្រុកស្រែអំបិល ទេនោះគឺលោកផ្កាយ៣ ហួរ ហាប់ មិនអាចចាក់ដីលុបឆ្នេរសមុទ្រទំហំប្រមាណ១០ហិកតាយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនបែបនេះទេ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំជ្រោយស្វាយ បានបង្ហើបឲ្យដឹងថាលោកផ្កាយ៣ ហួរ ហាប់ ដែលជានាយទាហានជាន់ខ្ពស់ខាងជើងទឹក ប្រើអំណាចចាក់ដីលុបឆ្នេរសមុទ្រក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ យកធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់។ ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ជាពិសេសប្រធានមន្ទីរបរិស្ថាន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏រក្សាភាពស្ងៀមស្ងាត់ដែរនៅពេលលោកផ្កាយ៣ ហួរ ហាប់ ទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្រក្នុងភូមិជ្រោយស្វាយ យកធ្វើជាកម្មសិទ្ធិយ៉ាងក្រអឺតក្រទម។ បច្ចុប្បន្នតំបន់នោះប្រជាពលរដ្ឋក្នុងភូមិជ្រោយស្វាយ មិនអាចឆ្លងកាត់ទៅប្រកបរបរនេសាទក្នុងសមុទ្របានដូចពីមុនទៀតទេ ព្រោះលោកផ្កាយ៣ ហួរ ហាប់ ដាក់កម្លាំងសន្តិសុខយាមការពារយ៉ាងរឹងមាំមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់បានឡើយ។
ប្រជាពលរដ្ឋក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទ ឲ្យចាត់វិធានការទប់ស្កាត់ទង្វើរបស់លោកផ្កាយ៣ ហួរ ហាប់ ដែលជានាយទាហានជាន់ខ្ពស់ខាងទ័ពជើងទឹកជាបន្ទាន់។ ដោយហេតុថា មកដល់ពេលនេះលោកផ្កាយ៣ ហួរ ហាប់ ចាក់ដីលុបឆ្នេរសមុទ្រក្នុងភូមិជ្រោយស្វាយ ស្រុកស្រែអំបិល យកធ្វើជាកម្មសិទ្ធិអស់ប្រមាណ១០ហិកតារួចទៅហើយ ក្នុងខណៈប្រធានមន្ទីរពាក់ព័ន្ធនិងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បន្តរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការទប់ស្កាត់។ ក្នុងនោះមេឃុំជ្រោយស្វាយ ក៏ដូចជាលោក ទួន សិលា អភិបាលស្រុកស្រែអំបិល ត្រូវប្រជាពលរដ្ឋរិះគន់ថា ជាអ្នកឃុបឃិតឲ្យលោកផ្កាយ៣ ហួរ ហាប់ ចាក់ដីលុបឆ្នេរសមុទ្រជាង១០ហិកតាយកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ប្រសិនបើគ្មានការជាប់ពាក់ព័ន្ធទេនោះ គឺលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ និងលោក ទួន សិលា អភិបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍ទៅអភិបាលខេត្តជាយូរមកហើយ មិនមែនបណ្ដោយឲ្យលោកផ្កាយ៣ ហួរ ហាប់ ទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្រក្នុងភូមិជ្រោយស្វាយ តាមអំពើចិត្តបែបនេះទេ៕