នៅព្រឹកថ្ងៃអាទិត្យទី១៦ខែឧសភាឆ្នាំ២០២១នេះវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។
សូមជម្រាបថាវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូសដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងលើកទី៤ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញខណៈជើងទី១មានចំនួន១.៥លានដូសបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ខែមីនានិងជើងទី២មានចំនួន៥០ម៉ឺនដូសដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ខែមេសានិងជើងទី៣ចំនួន៥០មុឺនដូសដឹកមកដល់កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១។
សូមបញ្ជាក់ថាកម្ពុជាទទួលបានវ៉ាក់សាំងជាង៤លានដូសរួចមកហើយរួមមាន៖ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន២លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូសជាជំនួយរបស់ខូវ៉ាក់តាមរយៈអង្គការសុខភាពពិភពលោក(WHO)។កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់ទៀតក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ដើម្បីបង្កើតភាពសាំនិងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕