(ត្បូងឃ្មុំ)៖ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តមជាវណ្ណៈប្រធានសាលាដំបូងខេត្តត្បូងឃ្មុំជំនួសឯកឧត្តមជុំសដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំប្រធានសាលាដំបូងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងព្រមទាំងចៅក្រមព្រះរាជអាជ្ញារងនិងមន្ទីរ–អង្គភាពជុំវិញខេត្ត។
ក្នុងឳកាសនោះឯកឧត្តមជុំសបានឡើងធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិលអគារសាលាដំបូងនិងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំអនុវត្តន៍បានក្នុងវិស័យយុត្តិធម៍។
ឯកឧត្តមជាវណ្ណៈបន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំបានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរនិងថ្លែងនូវការអរគុណចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលកន្លងមកនេះបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការដឹកនាំអនុវត្តវិស័យច្បាប់និងវិស័យតុលាការដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាពិសេស សង្ឃឹមថាលោកប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មីបន្តសហការនិងមានទំណាក់ទំនងល្អលើវិស័យយុត្តុធម៍ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរនិងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់។
មានប្រសាសន៍នាឳកាសនោះឯកឧត្តមរដ្ឋមន្រ្តីកើតរិទ្ធបានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់លោកជាវណ្ណៈអតីតប្រធានសាលាដំបូងខេត្តបាត់ដំបងដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជុំសដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការតែងតាំងផ្លាស់ប្តូរនិងផ្ទេរភារកិច្ចរបស់ចៅក្រម–ព្រះរាជអាជ្ញាគឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម–ព្រះរាជអាជ្ញាក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពមិនលម្អៀងភាពត្រឹមត្រូវនិងភាពយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមកើតរិទ្ធក៏បានថ្លែងអំណរគុណជូនចំពោះអភិបាលខេត្តត្បូងឃ្មុំថ្នាក់ដឹកនាំខេត្តអង្គភាពពាក់ព័ន្ធព្រមទាំងមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានផ្តល់ការគាំទ្រនិងកិច្ចសហការល្អជាមួយសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំនាពេលកន្លងមក។
ហើយឯកឧត្តមរដ្ឋមន្ត្រីកើតរិទ្ធក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះជាមួយសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀតជាពិសេសជាមួយលោកជាវណ្ណៈដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំទើបនឹងចូលកាន់មុខតំណែងថ្មីឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូននិងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃនិងជោគជ័យថ្មីៗបន្ថែមទៀត៕