(ត្បូងឃ្មុំ)៖នៅសាលាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ–មន្ត្រីមន្ទីរព័ត៌មានខេត្តនិងអ្នកអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ។
ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំដែលបានខិតខំចុះយកព័ត៌មានផលិតផ្សព្វផ្សាយព័ត៌មានក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានាជាពិសេសទាំងមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំកិច្ចខិតខំប្រឹងប្រែងការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាកម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមកមិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មករយៈកាល២៤ឆ្នាំកម្ពុជាគឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេសមានការឯកភាពជាតិខ្មែរតែមួយមានព្រះមហាក្សត្រតែ១រាជរដ្ឋាភិបាលតែ១មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិមានការកសាងហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងបន្តល្បឿនដើម្បីសម្រេចនូវគោលដៅក្លាយជាប្រទេសអ្នកមាននាឆ្នាំ២០៥០ខាងមុខផងដែរ។
ទន្នឹមនឹងនេះដែរឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានគូសបញ្ជាក់ថាយើងត្រូវចង់ចាំពាក្យគុណសន្តិភាពនៅក្នុងដួងចិត្តគ្រប់ៗគ្នាមានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើនមានស្ថិរភាពក្នុងប្រទេសពលរដ្ឋរស់នៅដោយសុខសាន្ដត្រាណក្នុងនោះវិស័យសារព័ត៌មានក៏មានភាពពេញលេញអ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។
ហេតុដូច្នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានសំណូមពរនិងជំរុញដល់អ្នកសារព័ត៌មានទាំងអស់សូមបន្តផ្សព្វផ្សាយពាក្យ«អរគុណសន្តិភាព» នេះឲ្យបានទូលំទូលាយជ្រាបដល់ក្រអៅបេះដូងពលរដ្ឋគ្រប់រូបជាពិសេសផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំពិសេសរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យគ្រប់ទិសទីគ្រប់តំបន់គ្រប់មូលដ្ឋានបង្ហាញប្រាប់នូវគោលនយោបាយដ៏ល្អយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋដើម្បីឲ្យពួកគាត់មានការសម្រេចឲ្យបានត្រឹមត្រូវបោះឆ្នោតជូនអ្នកដែលនៅកៀកគិតគូរសុខទុក្ខគ្រប់ពេលគ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេចតេជោហ៊ុនសែនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចៀសវាងនូវក្រុមអគតិមួយចំនួនធ្វើប្រជាភិថុតបោកប្រាស់បន្លំកុហកក្លែងព័ត៌មានបង្កាច់បង្ខូចរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីប្រយោជន៍បម្រើនយោបាយសម្រាប់គណបក្សរបស់ខ្លួន។
ក្នុងឳកាសនោះដែរថ្នាក់ដឹកនាំមន្ទីរព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្តនិងក្រុមអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តដែលតែងតែជួបសំណេះសំណាលលើកទឹកចិត្តផ្តល់តម្លៃដល់អ្នកសារព័ត៌មានជាពិសេសយកចិត្តទុកដាក់និងផ្ដល់អនុសាសន៍ល្អៗព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួននិងសម្ភារៈមួយចំនួនបម្រើឱ្យវិស័យព័ត៌មានផងដែរ៕